សហគមន៍ខ្មែរ និងពលករខ្មែរ នៅកូរ៉េខាងត្បូង ជួបជុំសម្តែងមតិថ្កោលទោសយោធាថៃ ដែលឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជា



សហគមន៍​ខ្មែរ និងពលករខ្មែរ នៅកូរ៉េខាងត្បូង ​ជួប​ជុំ​សម្តែង​មតិ​ថ្កោលទោស​យោធាថៃ ដែល​ឈ្លាន​ពាន​លើ​ដែន​អធិបតេយ្យភាពកម្ពុជា


កូរ៉េខាងត្បូង ៖ ខណៈឈានចូលដល់ថ្ងៃទី៦ទៅហើយ ដែលយោធាថៃ នៅតែបន្តបាញ់ប្រហារ ផ្លោងគ្រាប់ធុនធំ ដើម្បីឈ្លានពាន លើអធិបតេយ្យភាព របស់កម្ពុជា ស្របពេលជាមួយគ្នានេះដែរ បងប្អូនពលករ និងសហគមន៍ខ្មែរ នៅតំបន់អឺយចុងប៊ូ ប្រទេសកូរ៉េខាងត្បូង ជាង ៣០នាក់ បានបន្តជួបជុំសម្តែងមតិដោយថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះយោធាថៃ​ដែល​បាន​ឈ្លានពានទាំងកំរោលជាថ្មី មក​លើ​ដែន​អធិបតេយ្យភាពរបស់កម្ពុជា ដែលបានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាចំនួន ១០នាក់បានស្លាប់ និងចំនួន ៦០នាក់ បានរងរបួស ក្នុងនោះដែរ ជនភៀសសឹក បានកើនឡើងដល់ជាង ១៩ម៉ឺននាក់។

បងប្អូនពលករ និងសហគមន៍ខ្មែរ បានលើកឡើងបដា និងស្រែករួមគ្នាថា «កម្ពុជា ត្រូវការសន្តិភាពៗ ជយោវីរកងទ័ពកម្ពុជាៗ»។

ការ​ជួប​ជុំ​សម្ដែង​មតិ ដើម្បីថ្កោលទោសនេះ គឺបន្ទាប់ពីយោធាថៃ បានធ្វើការឈ្លានពានសារជាថ្មី មកលើដែនអធិបតេយ្យរបស់កម្ពុជា ចាប់ពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ដោយ​បាន​ប្រើប្រាស់​អាវុធ​ធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ។

សកម្មភាពជួបជុំសម្ដែងមតិនេះ គឺជាការបង្ហាញនូវស្មារតីស្នេហាជាតិ និងការរួបរួមរបស់ជនរួមជាតិខ្មែរនៅឯក្រៅប្រទេស ជាពិសេសនៅប្រទេសកូរ៉េខាងត្បូង ក្នុងការការពារផលប្រយោជន៍ជាតិ និងការទាមទារឱ្យមានយុត្តិធម៌ ចំពោះអំពើឈ្លានពានដែលបានកើតឡើងម្តងហើយម្តងទៀត ពីសំណាក់យោធាថៃ៕





Powered by Blogger.