ថៃ កំពុងភ័យស្លន់ស្លោបញ្ជូនទ័ព និងសព្វាវុធធំ ៗ ចេញទៅដាក់ពង្រាយនៅតាមតំបន់ព្រំដែនជាប់មីយ៉ាន់ម៉ា

 


ថៃ កំពុងភ័យស្លន់ស្លោបញ្ជូនទ័ព និងសព្វាវុធធំ ៗ ចេញទៅដាក់ពង្រាយនៅតាមតំបន់ព្រំដែនជាប់មីយ៉ាន់ម៉ា

មើលលើការចេញផ្សាយរបស់សារព័ត៌មាន Khaosod បានផ្សាយនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះឱ្យដឹងថា ប្រទេសថៃដាក់បញ្ជាចេញពង្រាយកងកម្លាំងទ័ព និងបញ្ចេញសព្វាវុធធំៗទៅតាមតំបន់ព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ាដើម្បីជំរុញការពារសន្តិសុខព្រំដែន ខណៈដែលផ្ទៃក្នុងប្រទេសជាប់ខាងមួយនេះកំពុងតែមានការប៉ះទង្គិចគ្នាដោយទម្លាក់គ្រាប់នៅតំបន់ព្រំដែនជាច្រើនគ្រាប់ ហើយមាន​គ្រាប់​ខ្លះ​បាន​បាញ់រំលងមក​ធ្លាក់​នៅ​ត្រើយម្ខាងក្នុង​ប្រទេសថៃថែមទៀតផង។ 

តាមការបញ្ជាក់ក្រុមកងកម្លាំងរាជមណុរបស់កងទ័ពភូមិន្ទថៃ បានដាក់ចេញនូវវិធានការបង្កើនការពារសន្តិសុខផ្ទៃក្នុងប្រទេសយ៉ាងខ្លាំង និងតឹងរឹងតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ជាឆ្លើយតបទៅនឹងការប្រយុទ្ធគ្នាជាបន្តបន្ទាប់នៅខាងមីយ៉ាន់ម៉ា ដែលបង្កការគំរាមកំហែងសន្តិសុខនិងហានិភ័យ ដោយ​ថៃ​លើក​ឡើង​ពីការ​ព្រួយបារម្ភ​នៃការឈ្លានពាន​ណាមួយពីសំណាក់កងយោធាមីយ៉ាន់ម៉ាមក​ក្នុង​ប្រទេសថៃ។

ក្រុមកងទ័ពភូមិន្ទថៃមួយនេះ បានជំរុញប្រសិទ្ធភាពនៃការដើរល្បាតទាំងថ្ងៃទាំងយប់ និងបានបង្កើតចំណុចត្រួតពិនិត្យបណ្តោះអាសន្ននៅច្រកឆ្លងកាត់ធម្មជាតិដែលមានហានិភ័យខ្ពស់។ លើសពីនេះ សព្វាវុធ និងអាវុធជំនួយត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងយុទ្ធសាស្ត្រ ដើម្បីត្រៀមខ្លួនតបតវិញឱ្យបានភ្លាមប្រសិនបើជម្លោះបានពង្រីកព្រំដែនវិសាលភាពកាន់តែធំ។

គួររំលឹកថា នៅដើមខែវិច្ឆិកា មីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែក៩ថ្ងៃជាប់គ្នានៅតំបន់ជាប់ព្រំដែនថៃ ដើម្បីកម្ទេចសម្បុក Scammer ក្នុងបោសម្អាតកម្ចាត់ក្រុមឧក្រិដ្ឋកម្មតាមអនឡាញ ។ ហើយពាក់កណ្ដាលខែនេះ យោធាមីយ៉ាន់ម៉ា បញ្ចេញយន្តហោះ YAK-13 ទម្លាក់គ្រាប់បែកទម្ងន់ដល់ទៅ ៥០០ផោន (២២៧គីឡូក្រាម) ក្នុងសហគមន៍មួយក្នុងរដ្ឋ Karenni បណ្ដាលឱ្យមានមនុស្ស ២៤ នាក់បាត់បង់ជីវិតជាការគំរាមដល់សន្តិសុខប្រទេសថៃផងដែរ៕

Powered by Blogger.