ស្ថានទូតចិនប្រចាំទីក្រុងបាងកកចេញសេចក្ដីប្រកាសអា.សន្ន បន្ទាប់ពីភ្ញៀវទេសចរត្រូវបានមគ្គុទ្ទេសក៍ទេសចរណ៍គំរា.មកំហែ.ង!



ស្ថានទូតចិនប្រចាំនៅប្រទេសថៃបានចេញសេចក្តីព្រមានកាលពីថ្ងៃអង្គារ ដោយជំរុញឱ្យភ្ញៀវទេសចរជនជាតិចិន ចៀសវាងកញ្ចប់ដំណើរកម្សាន្តដែលមានតម្លៃថោកខុសប្រក្រតី (bargain tour packages) បន្ទាប់ពីវីដេអូមួយបានរីករាលដាល ហើយបង្ហាញពីមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់បានគំរាមភ្ញៀវទេសចរថា នឹងទុកចោលឱ្យជាប់គាំង បើពួកគេមិនព្រមទិញទំនិញនៅក្នុងហាងដែលខ្លួនបានណែនាំ។

ស្ថានទូតបាននិយាយថា ខ្លួនបានទាក់ទងភ្លាមៗទៅកាន់នគរបាលទេសចរណ៍ថៃ និងអាជ្ញាធរទេសចរណ៍ថៃ បន្ទាប់ពីវីដេអូនោះបានលេចឡើងនៅលើបណ្ដាញសង្គម។ អាជ្ញាធរបានបញ្ជាក់ថា មគ្គុទ្ទេសក៍ជនជាតិចិននោះ គ្មានអាជ្ញាប័ណ្ណ ហើយបានព្យាយាមបង្ខិតបង្ខំភ្ញៀវទេសចរឱ្យទិញទំនិញដើម្បីយកកម្រៃជើងសារ។

ស្ថានទូតបានថ្លែងថា៖ «ជនបរទេស មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាមគ្គុទ្ទេសក៍ទេសចរណ៍នៅក្នុងប្រទេសថៃទេ» ដោយណែនាំភ្ញៀវទេសចរឱ្យជ្រើសរើសក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្អ មានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយមិនត្រូវទុកចិត្ត "ដំណើរកម្សាន្តតម្លៃទាប" ឡើយ។

យោងតាមនាយកដ្ឋានទេសចរណ៍ ករណីនេះអាចបំពានលើ ច្បាប់អាជីវកម្មទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ របស់ប្រទេសថៃ៖

• មគ្គុទ្ទេសក៍ទេសចរណ៍បរទេសគ្មានអាជ្ញាប័ណ្ណ អាចប្រឈមនឹងទោសជាប់ពន្ធនាគាររហូតដល់ 1 ឆ្នាំ ពិន័យជាប្រាក់រហូតដល់ 100,000 បាត ឬទាំងពីរ។

• មគ្គុទ្ទេសក៍ថៃដែលដើរតួជាតំណាង (nominees) អាចជាប់ពន្ធនាគាររហូតដល់ 6 ខែ ពិន័យជាប្រាក់រហូតដល់ 50,000 បាត ឬទាំងពីរ។

• ក្រុមហ៊ុនទេសចរណ៍ ដែលត្រូវបានរកឃើញថាបានកេងប្រវ័ញ្ចភ្ញៀវទេសចរដោយអយុត្តិធម៌ ត្រូវប្រឈមនឹងការផាកពិន័យចន្លោះពី 5,000 ទៅ 50,000 បាត និងអាចត្រូវព្យួរអាជ្ញាប័ណ្ណរហូតដល់ 6 ខែ។

បច្ចុប្បន្ន អាជ្ញាធរថៃកំពុងស៊ើបអង្កេតទៅលើក្រុមហ៊ុនទេសចរណ៍ដែលពាក់ព័ន្ធក្នុងឧប្បត្តិហេតុនេះ។

Powered by Blogger.