រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវឱ្យប្រជាពលរដ្ឋមកដាក់ពាក្យទទួលយកទីតាំងដីឡូត៍ថ្មី ដោយទុករយៈពេលចំនួន១៥ថ្ងៃជាកំហិត



ខេត្តព្រះសីហនុ ៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ បានអោយដឹងថា ៖ ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ជាប់របង អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សូមជ្រាបថា ក្រសួងបរិស្ថាន សហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំដីបម្រុងទុកសម្រាប់ដោះស្រាយផលប៉ះពាល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវមុខ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ។

កន្លងមកក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយគណៈកម្មការអន្តរក្រសួង បានខិតខំជួបប្រជុំសម្របសម្រួលជាមួយប្រជាពលរដ្ឋជាច្រើនលើកច្រើនសារ ដែលមកទល់ពេលនេះ មានគ្រួសារប្រជាពលរដ្ឋមួយចំនួនបានឯកភាពទទួលយកទីតាំងដីឡូត៍ថ្មីរួចរាល់ហើយ ប៉ុន្តែនៅមានគ្រួសារប្រជាពលរដ្ឋមួយចំនួនទៀត នៅតែទាមទារលក្ខខណ្ឌផ្សេងៗ ដែលធ្វើឱ្យមានការរាំងស្ទះដល់គម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុលំដាប់ថ្នាក់ 4E ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភណភាពរបស់ខេត្តព្រះសីហនុឱ្យបានទាន់ពេលវេលា និងស្របតាមផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវឱ្យប្រជាពលរដ្ឋមកដាក់ពាក្យទទួលយកទីតាំងដីឡូត៍ថ្មី ជាមួយក្រុមការងារដោះស្រាយផលប៉ះពាល់ថ្នាក់ខេត្ត ដោយទុករយៈពេលចំនួន១៥ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

រដ្ឋបាលខេត្តព្រះសីហនុបានសង្កត់ធ្ងន់ថា ផុតរយៈពេលកំណត់ខាងលើនេះ រដ្ឋបាលខេត្តព្រះសីហនុពុំលើកយកករណីនេះមកពិនិត្យសម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋទៀតឡើយ ហើយរដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការរដ្ឋបាលចុះរុះរើសំណង់ ដែលសង់លើដីសាធារណៈរបស់រដ្ឋស្របតាមច្បាប់ដែលមានចែងជាធរមាន៕



Powered by Blogger.