ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំអង្គរអង្គ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តចំនួន៣ នៅក្នុងឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង

 

ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្ដម ចំណាន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំអង្គរអង្គ និងឯកឧត្តម រឿន រិទ្ធីរ័ត្ន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានឃុំអង្គរអង្គ ព្រមទាំងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តចំនួន៣ក្នុងឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង រួមមាន៖ ១-វត្តសុវណ្ណឧស្យាន ២-វត្តសុវណ្ណសាមគ្គី ៣-វត្តទួលសំពៅមាស និងបាននាំយកទេយ្យទាន ជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យវេរប្រគេនព្រះសង្ឃ និងមានអំណោយចែកជូនដល់លោកតា លោកយាយ និងពុទ្ធបរិស័ទដែលបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២នេះ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំការសួរសុខទុក្ខ និងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ដល់លោកតា លោកយាយ បងប្អូន កូនក្មួយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ។ ចំពោះទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃទាំង៣វត្ត និងចែកអំណោយជូនលោកតា លោកយាយ និងវរកងទ័ពជួរមុខរួមមាន៖ ស្លាដក់៣ អង្ករ៩ប៉ាវ ទឹកសុទ្ធ១៥កេស ទឹកក្រូច៦កេស ទឹកត្រី៦ឡូ ឃីត60មានក្រម៉ា ថ្នាំពេទ្យចម្រុះ ឧបត្ថម្ភវរកងទ័ពជួរមុខដែលរស់នៅក្នុងឃុំអង្គរអង្គ១នាក់ ចំនួន៤០ម៉ឺនរៀល និងឧបត្ថម្ភជួសជុលទូកងឈ្មោះរតនៈសង្គមពង្សពាយអណ្ដែតសែនជ័យ នៅវត្តសុវណ្ណឧទ្យាន ចំនួន៦លានរៀល។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានប្រសិទ្ធិពរជ័យ និងជូនបុណ្យកុសលដល់ទាំងឡាយ ដល់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារទាំងអស់ ជួបប្រទះតែសេចក្តីសុខ សេចក្ដីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងសមប្រកបនឹងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណ សុខ ពល កុំបីឃ្លៀងឃ្លាតឡើយ៕

 









 


Powered by Blogger.