កិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងារយុវជនគណបក្សក្រសួងបរិស្ថាន

 

រាជធានីភ្នំពេញ, នារសៀលថ្ងៃពុធ ១១ កើត ខែភទ្របទ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ង៉ូវ បូរីណា សមាជិកយុវជនជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានយុវជនគណបក្សក្រសួងបរិស្ថាន កិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងារយុវជនគណបក្សក្រសួងបរិស្ថាន និងផ្សព្វផ្សាយអនុសាសន៍ដ៏ថ្លៃថ្លាររបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល ស្ដីពីការចូលរួមជាថវិកា និងសម្ភារឧបត្ថមដល់កងទ័ពនៅជួរមុខ ដើម្បីបង្ហាញពីភាពរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិកម្ពុជា។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមប្រធាន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សក្រសួងបរិស្ថាន និងជាសមាជិកអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល ជូនចំពោះ អនុប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារអចិន្ត្រៃយ៍យុវជនគណបក្សក្រសួងបរិស្ថាន លើសពីនេះទៀត ឯកឧត្តមប្រធាន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារយុវជនគណបក្សក្រសួងបរិស្ថាន ដែលពោរពេញដោយសមត្ថភាពជំនាញ មានចំណេះដឹង និងបទពិសោធន៍ការងារខ្ពស់ក្នុងសង្គម ហើយបានស្មគ្រ័ចិត្តមកជួយការងារយុវជនគណបក្ស និងការងារគណបក្សនៅមូលដ្ឋាន ប្រកបដោយការប្តេជ្ញាចិត្ត ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងសម្ភារ ថវិកា សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹក ជំនឿជឿជាក់ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមប្រៀបខ្លាំង និងប្រៀបឈ្នះ ជូនគណបក្សជារៀងដរាបតទៅ។

ឯកឧត្តមប្រធាន ក៏បានអំពាវនាវឱ្យក្រុមការងារយុវជនគណបក្សក្រសួងបរិស្ថាន ទាំងអស់ត្រូវបំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូន ស្មាគៀកស្មា និងសូមចងចាំជានិច្ចនូវបណ្តាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល គឺការគោរពវិន័យ ការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ព្រមទាំងត្រូវមានសីលធម៌ គុណធម៌ ជាប់ខ្លួនជានិច្ច។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមប្រធាន ក៏បានរំលឹកអំពីគោលការណ៍សំខាន់ៗ របស់គណបក្សដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដូចជាសិល្បៈនៃការចែករំលែក យុទ្ធសាស្រ្តឈ្នះៗ គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ជាពិសេសសមិទ្ធិផលធំៗជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភ្លឺស្វាងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕




Powered by Blogger.