ឯកឧត្ដម ប៊ុន ហុន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ



ភ្នំពេញ៖នាព្រឹកថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០២៥នេះ ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ ត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” រាជធានីភ្នំពេញ និង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។


ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ អាជ្ញាធររាជធានីភ្នំពេញ បានរក្សានូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ ដោយមិនធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភឡើយ បើទោះបីមានការមានសង្គ្រាមឈ្លានពានពីទាហានថៃ ខណៈមានការប៉ះទង្គិចគ្នាដោយអាវុធ នៅតាមព្រំដែន ដែលបង្កឡើងដោយទាហានថៃរំលោភមកលើបូរណភាពទឹកដីកម្ពុជា។ ព្រមជាមួយគ្នានោះដែរ រដ្ឋបាលរាជធានីភ្នំពេញបាន នាំយកអំណោយ ដូចជាចង្ក្រានហ្គាស ចានឆ្នាំង និងម៉ូតូដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត និងសម្តេចតេជោហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងគ្រឿងឧបភោគ បរិភោគព្រមទាំងសម្លារៈផ្សេងៗ ដែលបានមកពីសប្បុរសជនទៅចែកជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹកចំនួន២១លើក។ បន្ថែមពីនេះឯកឧត្ដមអភិបាល បានាមានប្រសាសន៍បន្តថា អនុវត្តតាមការចង្អុល ណែនាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត ចាប់ពីថ្ងៃទី២៦កក្កដា ដល់ថ្ងៃទី០១កញ្ញាឆ្នាំ២០២៥ រដ្ឋបាលរាជធានី បានរៀបចំរថយន្តក្រុងសំរាប់ដឹកជញ្ជូនពលករមកពីប្រទេសថៃ ដោយបានប្រើប្រាស់រថយន្តក្រុងរាប់រយគ្រឿង និងបានដឹកពលករមកពីប្រទេសថៃបានចំនួនជាង៥ម៉ឺននាក់។ ឯកឧត្ដម ឃួង ស្រេង បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ ដោយបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ មានទាំងបទល្មើស លួច ឆក់ប្លន់ និងល្បែងតាមអនឡាញជាដើម។ ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង បានសុំឱ្យមន្ត្រីយើងទាំងអស់ សូមជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិនិងកិច្ចការពារបូរណភាពទឹកដីពីចោរសៀមឈ្លានពានលើទឹកដីកម្ពុជា។


ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានលើកឡើង ពីការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព នៅរាជធានីភ្នំពេញបានល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ អ្នកវិនិយោគ និងអ្នកទេសចរណ៍ទទួលបានភាពកក់ក្តៅ។ បានការពារព្រះមហាក្សត្រនិងថ្នាក់ដឹកនាំ បាន២០២លើកប្រកបដោយសុវត្ថិភាពនិងបានធ្វើឱ្យបទល្មើសថយចុះ។ ឯកឧត្ដមឧត្តមសេនីយ៍ឯក បានបន្តថា ដើម្បីឆ្លើយតបបទល្មើសដែលបានកើតឡើង ស្នងការនគរបាលរាជធានី បានបង្ក្រាបបទល្មើសបាន២២៦ករណី ឃាត់ខ្លួនជនសង្ស័យបាន២៩៩នាក់ បង្ក្រាបក្មេងទំនើងបាន១០៦ករណីឃាត់ខ្លួន បានជាង៣០០នាក់ បង្ក្រាបល្បែងស៊ីសងបាន១៣២ករណី ឃាត់ខ្លួនបាន២៣៤នាក់។ ពាក់ព័ន្ធ និងការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពនេះ ឯកឧត្ដមឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ស្នងការនគរបាលរាជធានីភ្នំពេញបានផ្សព្វផ្សាយគោលនយោបាយនេះ បានចំនួន៦២២លើក ដែលមានមនុស្សចូលរួមប្រមាណជាង៣៦៧ពាន់នាក់។


 ក្នុងឱកាសនោះ ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរចំពោះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលបានអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ ដោយមិនមានអ្វីគួរឱ្យកត់សំគាល់ឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដម ជំរុញឱ្យ អាជ្ញាធររាជធានីភ្នំពេញ បន្តពង្រឹងការអនុវត្តវិធានការរដ្ឋបាល ពិសេសនៅតំបន់ស្មុកស្មាញ។ឯកឧត្ដម រដ្ឋលេខាធិការ បានបញ្ជាក់ថា ក្នុងនាម ជាអាជ្ញាធររដ្ឋមានសិទ្ធិគ្រប់គ្រាន់ ក្នុងការអនុវត្តវិធានការរដ្ឋបាល ទោះក្នុងបុរី ខុនដូ ឬសណ្ឋាគារក៏ដោយ ដើម្បីរក្សាឱ្យបានសន្តិសុខ សុវត្ថិភាព ក្នុងតំបន់ដែលយើងគ្រប់គ្រង តែមន្ត្រីអនុវត្ត សូមកុំធ្វើជាត្រីងៀត ឆ្លៀតពង៕











Powered by Blogger.