ចិនរៀបចំព្យុហយាត្រាយោធាដ៏ធំមួយ រំលឹកការបញ្ចប់សង្គ្រាមលោកលើកទី២ ដែលបង្ហាញយ៉ាងពេញលេញនូវអំណាច យុទ្ធសាស្ត្រ និងសមត្ថភាពរបស់ខ្លួន

 

នាព្រឹកថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ ប្រទេសចិនបានរៀបចំពិធីព្យុហយាត្រាយោធាដ៏ធំមួយនៅទីក្រុងប៉េកាំង ដើម្បីរំលឹកខួប ៨០ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទី២។ ពិធីនេះ បានរួមបញ្ចូលគ្នានូវទស្សនីយភាពយោធាជាមួយនឹងនិមិត្តរូបស្នេហាជាតិ។

ក្បួនទ័ព ក្បួនរថពាសដែក និងក្បួនយន្តហោះចម្បាំង ត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ សម្រាប់ការដើរបង្ហាញ និងហោះហើរ ឆ្លងកាត់ទីលានធានអានមេន។ ពិធីនេះ ត្រូវបានរៀបចំឡើងក្នុងន័យរំលឹកដល់សង្គ្រាម ប៉ុន្តែក្នុងពេលជាមួយគ្នានេះ វាក៏ជាការបង្ហាញពីទំនើបកម្មយោធារបស់ចិន និងការប្តេជ្ញាចិត្តរបស់ជាតិចិនផងដែរ។

ព្យុះហយាត្រានេះ ត្រូវបានចូលរួមដោយមេដឹកនាំបរទេសជាច្រើន ដែលនេះបានបង្ហាញពីសមត្ថភាពរបស់ចិនក្នុងការរៀបចំកម្មវិធីដ៏ធំមួយនេះ ជាពិសេសវត្តមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ព្រមទាំងឥស្សរជនជាច្រើនរូបមកពីតំបន់អាស៊ីអាគ្នេយ៍។ ទោះយ៉ាងណាក៏ដោយ មេដឹកនាំលោកខាងលិចភាគច្រើនមិនមានវត្តមានទេ ដោយសារតែការបែងចែកភូមិសាស្ត្រនយោបាយកាន់តែស៊ីជម្រៅ។

លោកប្រធានាធិបតី ស៊ី ជីនពីង បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីដ៏ឱឡារិកនេះ ជាមួយថ្នាក់ដឹកនាំកំពូលរបស់ប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា លោកត្រូវអញ្ជើញត្រួតពល និងថ្លែងសុន្ទរកថា។

ពិធីព្យុហយាត្រានេះ ធ្វើឡើង ដើម្បីរំលឹកដល់ជ័យជម្នះក្នុងឆ្នាំ១៩៤៥ លើប្រទេសជប៉ុនដែលជាមហាអំណាចចក្រពត្តិនិយម។ ប្រទេសចិនបានហៅសង្រ្គាមនោះថាជា «សង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនមកលើប្រជាជនចិន និងជាសង្រ្គាមប្រឆាំងហ្វាស៊ីសនិយមពិភពលោក»។

សូមរំលឹកថា ប្រទេសចិនគឺជាមហាអំណាចមួយក្នុងចំណោមមហាអំណាចសម្ព័ន្ធមិត្តសំខាន់ៗ ហើយបានទទួលរងនូវទុក្ខវេទនាដ៏ធំធេងក្នុងអំឡុងពេលជម្លោះសកលលោកនេះ ដែលត្រូវបានគេប៉ាន់ប្រមាណថាបានបណ្តាលឱ្យមានមនុស្សស្លាប់ចន្លោះពី ៧០លាន ទៅ ៨៥លាននាក់នៅទូទាំងពិភពលោក។

ព្យុហយាត្រានេះ មានការបង្ហាញកម្លាំងទ័ពជើងគោក និងជើងអាកាសប្រមាណ ៤៥ទម្រង់ រួមជាមួយការដាក់តាំងបង្ហាញឧបករណ៍ “ជំនាន់ថ្មី” ដែលបញ្ជាក់ពីការជំរុញទំនើបកម្មរបស់កងទ័ពរំដោះប្រជាជនចិន (PLA)។

អ្នកជំនាញផ្នែកការពារជាតិ នឹងតាមដានយ៉ាងដិតដល់នូវក្បួនរថពាសដែក និងកងយន្តហោះ នៅក្នុងពិធីព្យុហយាត្រា ដូចដែលពួកគេបានធ្វើក្នុងអំឡុងពេលហ្វឹកហាត់ ដើម្បីស្វែងយល់ពីកម្រិតនៃការរីកចម្រើនរបស់កងកម្លាំងប្រដាប់អាវុធចិន និងទិសដៅនាពេលអនាគតរបស់ចិន៕

ផ្សាយថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥

ប្រភព៖ CNA, រូបភាព៖ CGTN






Powered by Blogger.