ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដាំមន្ត្រីនគរបាលក្រុងរុនតាឯកតេជោសែន ថែទាំនិងកសាងគុណតម្លៃអធិការដ្ឋាន ឱ្យជាកន្លែងផ្ដល់ភាពកក់ក្ដៅនិងទំនុកចិត្តជូនពលរដ្ឋ!
ជាងមួយឆ្នាំ
ក្រោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី
ចេញអនុក្រឹត្យបង្កើតក្រុងរុនតាឯកតេជោសែន នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអធិការដ្ឋាននគរបាល
និងសមិទ្ធផលមួយចំនួនទៀត។
យោងតាមរបាយការណ៍លោកឧត្តមសេនីយ៍ទោ ហួត សុធី
ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
អគារអធិការដ្ឋានក្រុងរុនតាឯកតេជោសែន និងសមិទ្ធផលដែលសម្ពោធនៅថ្ងៃនេះ
ជាចំណងដៃដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ជូនមន្ត្រី
និងប្រជាពលរដ្ឋក្រុងរុនតាឯកតេជោសែន។
សមិទ្ធផលនេះរួមមាន ៖ អគារធំទំហំ
១៣,៥ x ២៣ម៉ែត្រ អគារស្នាក់នៅរបស់មន្ត្រី ទំហំ ៧,២ x២៦ម៉ែត្រ អគារផ្ទះបាយ
និងកន្លែងហូបបាយ ទំហំ ៥x១៣,៥ម៉ែត្រ អគារឃាត់ខ្លួនបណ្តោះអាសន្ន ទំហំ
៥x១០ម៉ែត្រ រោងចំណតរថយន្តពន្លត់អគ្គិភ័យ ទំហឱ ៧,៤x១៣,៥ម៉ែត្រ
បន្ទប់ទឹកសាធារណៈ ទំហំ ២,៧x៥,៨ម៉ែត្រ របងព័ទ្ធជុំវិញ ប្រវែង ២៩១,៥៧x២ម៉ែត្រ
ខ្លោងទ្វារប៉ុស្តិ៍យាម ១កន្លែង រៀបចំចំណតរថយន្ត ១កន្លែង និងដងទង់ជាតិ
ចំនួន ១ សាងសង់លើផ្ទៃដីទំហំ ៥ ០០០ម៉ែត្រការ៉េ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី
បានចាត់ទុកសមិទ្ធផលអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន
ជាមនុញ្ញផលថ្មីមួយទៀត កើតចេញពីមរតកនៃការដឹកនាំប្រកបដោយបទពិសោធឈ្លាសវៃ
របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី
និងការបន្តពូនជ្រុំប្រកបដោយភាពស្វាហាប់ពីរាជរដ្ឋាភិបាលបន្តវេន
ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ភ្ជាប់នឹងអំណរសាទរជាមួយមន្ត្រីនគរបាល
និងប្រជាពលរដ្ឋក្រុងថ្មីមួយនេះ ឯកឧត្តមអភិសន្តិបណ្ឌិត
បានណែនាំលោកវរសេនីយ៍អធិការ និងមន្ត្រីនគរបាលចំណុះអធិការដ្ឋាន
រួមគ្នាថែទាំសមិទ្ធផលមួយនេះ ហើយខិតខំបំពេញតួនាទីភារកិច្ចឱ្យបានល្អ
ដើម្បីកសាងគុណតម្លៃឱ្យអធិការដ្ឋានក្លាយ ជាកន្លែងផ្ដល់ទំនុកចិត្ត
និងភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា បានបង្ហាញការពេញចិត្តចំពោះការរៀបចំកសាងអធិការដ្ឋានថ្មីនេះ
ថាមានលក្ខណៈស្តង់ដារ
មានរចនាបថស័ក្ដិសមសម្រាប់ការបំពេញការងាររបស់មន្ត្រីក្នុងខេត្តសៀមរាប
ដែលជាខេត្តទេសចរណ៍វប្បធម៌របស់ជាតិ។ ឯកឧត្តម
ក៏បានណែនាំឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការ សហការជាមួយអង្គភាពពាក់ព័ន្ធ
ពន្លឿនការដោះស្រាយនិងរៀបចំអធិការដ្ឋានក្រុង ស្រុក ខណ្ឌមួយចំនួន
ឱ្យបានស័ក្ដិសមនៅមុនដំណាច់ឆ្នាំ២០២៨។
ពីវេទិកាអធិបតីនោះដែរ
ឯកឧត្តមអភិសន្តិបណ្ឌិត
បានមានប្រសាសន៍កោតសរសើរថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប
រួមទាំងស្នងការដ្ឋាននគរបាលខេត្ត ដែលបានសហការជាមួយខេត្តជាប់ព្រំដែន
រួមចំណែករែកពុនដោះស្រាយការស្នាក់នៅបណ្ដោះអាសន្ន ជូនប្រជាពលរដ្ឋភៀសសឹក
ក្នុងអំឡុងពេលនៃការប្រយុទ្ធការពារបូរណភាពទឹកដី
ទប់ទល់នឹងអំពើឈ្លានពានពីសំណាក់កងទ័ពថៃ។
ឯកឧត្តមចាត់ទុកការងារនេះជាផ្នែកមួយនៃស្មារតីរួបរួមជាតិដ៏រឹងមាំរបស់ខ្មែរ។
ក្នុងចំណោមអនុសាសន៍សំខាន់ៗដែលបានផ្ដល់ជូនទៅកាន់មន្ត្រីពាក់ព័ន្ធនាឱកាសនោះ
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា
ក៏បានបន្តសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់
មានសុវត្ថិភាព ជាពិសេសការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ
ការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង អំពើជួញដូរមនុស្ស
និងការធានាផ្ដល់សេវាសាធារណៈប្រកបដោយគុណភាពជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។
សូមបញ្ជាក់ថា
បន្ថែមលើអំណោយដ៏ថ្លៃថ្លាដូចបានបញ្ជាក់ខាងដើម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
និងលោកជំទាវ ក៏បានឧបត្ថម្ភជូនអធិការដ្ឋាននគរបាលក្រុងរុនតែឯកតេជោសែន
នូវរថយន្ត Pick up ថ្មី ចំនួន១គ្រឿង ព្រមទាំងកុំព្យូទ័រមួយចំនួនទៀត។
ការឧបត្ថម្ភនេះ គឺបន្ថែមលើថវិកា ដែលផ្ដល់ជូនអធិការដ្ឋាន
តំណាងអង្គភាពពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ និងយុវជន
ដែលបានចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលដ៏អធិកអធមនាឱកាសនោះ៕
Post a Comment