ផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ក្លាយទៅជាករណីអគ្គិភ័យឆេះរថយន្ត

 


រាជធានីភ្នំពេញ រថយន្តស៊េរីទំនើប១គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រួចបើកហួសទីតាំងកើតហេតុប្រមាណ ៣០ម៉ែត្រក៏ហ៊ុយផ្សែង និងបង្កទៅជាអគ្គិភ័យឆាបឆេះតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីអធ្រាត្រ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។

ទីតាំងកើតហេតុ ស្ថិតនៅខាងជើងស្តុបណតប្រ៊ីដ៍ តាមបណ្តោយផ្លូវលេខ ១០១៩ មូលដ្ឋានសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ពលរដ្ឋឃើញហេតុការណ៍ បានរៀបរាប់ប្រាប់អ្នកព័ត៌មាន CNC ឲ្យដឹងថា រថយន្ត JEEP RUBICON ខាងលើមុនពេលឆេះ បានជួបគ្រោះថ្នាក់ចរណ៍ជាមួយរថយន្ត១គ្រឿងទៀត ដែលមានម៉ាកតូយូតាព្រូស ព្រមទាំងម៉ូតូម៉ាក VARIO ១គ្រឿងទៀត នៅកណ្តាលស្តុបណតប្រ៊ីដ៍ ។ បន្ទាប់ពីបុករួច រថយន្តខាងលើ ក៏បានបន្តដំណើរតាមបណ្តោយផ្លូវ១០១៩ ទិសដៅពីត្បូងទៅជើង បានប្រមាណ៣០ម៉ែត្រ ក៏ស្រាប់តែមានផ្សែងហ៊ុយចេញពីរថយន្ត ទើបម្ចាស់រថយន្តចតចោល រួចរត់ចេញពីរថយន្តភ្លាមៗ ។ 

អ្នកឃើញហេតុការណ៍បានបន្តទៀតថា គេនាំគ្នារត់ទៅយកបំពុងឧស្ម័នពន្លត់អគ្គិភ័យធ្វើការបាញ់ពន្លត់អស់ជាច្រើនបំពង់ដែរ តែមិនមានការថមថយនៃផ្សែងនោះទេ ទើបពលរដ្ឋនាំគ្នារាយការណ៍ទៅមន្ត្រីជំនាញដើម្បីសុំការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យតែម្តង ។

ភ្លាមៗនោះការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្ត១គ្រឿងទៅកាន់ទីតាំងកើតហេតុ ធ្វើការអន្តរាគមន៍និងបាញ់ពន្លត់អោយរលត់ទាំងស្រុង ដោយរថយន្តខាងលើត្រូវបានភ្លើងឆាបឆេះខូចខាតទាំងស្រុងផងដែរ តែមិនបង្កអោយមានមនុស្សរងរបួសនោះទេ ។

ក្រោយកើតហេតុ ភាគីខាងម្ចាស់រថយន្តស៊េរីទំនើបដែលឆេះនោះ បានធ្វើការចរចារគ្នាជាមួយភាគីរថយន្ត និងម៉ូតូក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយសន្តិវិធី ។ ចំណែករថយន្តរបស់គាត់ ដែលរងការឆាបឆេះអស់នៅសល់តែគ្រោងឆ្អឹងដែក ក៏ត្រូវបានមន្ត្រីជំនាញយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕ រូបភាព និងអត្ថបទ រដ្ឋ រង្សី




Powered by Blogger.