កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ សហការ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយមាស បានចុះបង្ក្រា.បករ.ណី ជួ.ញដូរ ដោយខុ.សច្បាប់នូវសារធាតុញៀ.ន


កំពត៖ ដោយអនុវត្តតាមបទបញ្ជារលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។ 

នៅវេលាម៉ោង១១:១៥នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ ដឹកនាំដោយលោកវៈរសេនីយ៍ត្រី ឡុង ឆានី មេបញ្ជាការមូលដ្ឋានស្រុក បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្រពាំងវែងខាងកើត ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។

- ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖

១. ឈ្មោះ ជុន ចិន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឈ្លីតក្រោម ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្ដកំពត (ជួញដូរគ្រឿងញៀន)។ 

២. ឈ្មោះ ទិត វិបុល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃ្ជាយខាងលិច ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត (ជួញដូរគ្រឿងញៀន)។

+ វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនចំនួន០៩កញ្ចប់ តូច(ទម្ងន់៣.២៧ ក្រាម)ថ្លឹងទាំងសំបកថង់, ម៉ូតូម៉ាក់ហុងដា Beat ចំនួន០១គ្រឿង ពណ៍ខ្មៅ គ្មានស្លាកលេខ, ទូរស័ព្ទម៉ាក OPPOចំនួន០១គ្រឿង។ លុះមកដល់វេលាម៉ោង១៤:០៥នាទី ថ្ងៃខែឆ្នាំដដែលកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយមាស បានធ្វើការឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀត ស្ថិតនៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ឈ្មោះ ប៊ុល ភារុន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្ដតាកែវ(ជួញដូរគ្រឿងញៀន)។

+ វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនចំនួន០២កញ្ចប់តូច(ទម្ងន់០.៨៥ ក្រាម)ថ្លឹងទាំងសំបកថង់, ម៉ូតូម៉ាកហុងដាសង់ ពណ៌ស ១គ្រឿង, ទូរសព្ទម៉ាក iphoneចំនួន០១គ្រឿង ពណ៌ស។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥




Powered by Blogger.