តុលាការកំពូលថៃបានសម្រេចឱ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ត្រឡប់ទៅពន្ធនាគារវិញ ដើម្បីបំពេញទោស ១ឆ្នាំ ក្រោយរកឃើញថា អតីតនាយករដ្ឋមន្ត្រីរូបនេះមិនបានបំពេញទោសពេញលេញ
នៅព្រឹកថ្ងៃទី៩កញ្ញានេះ តុលាការកំពូលថៃបានសម្រេចឱ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ត្រឡប់ទៅពន្ធនាគារវិញ ដើម្បីបំពេញទោស ១ឆ្នាំ ក្រោយរកឃើញថា អតីតនាយករដ្ឋមន្ត្រីរូបនេះមិនបានបំពេញទោសពេញលេញ។ បន្ទាប់ពីតុលាការកំពូលចេញសាលក្រម និងបើតាមទីភ្នាក់ងារសារព័ត៌មាន AFP លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ត្រូវបាននាំខ្លួនទៅដល់ពន្ធនាគារទីក្រុងបាងកកហើយ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានជាន់ទឹកដីថៃជាថ្មីកាលពីឆ្នាំ២០២៣ ក្រោយរស់នៅនិរទេសខ្លួននៅបរទេសអស់ពេល ១៥ឆ្នាំ។ ពេលត្រឡប់មកដល់ថៃ លោកថាក់ស៊ីនត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធគារ ៨ឆ្នាំ ពីបទជម្លោះផលប្រយោជន៍ និងរំលោភអំណាច។ ទោសនេះត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយមនៅត្រឹម ១ឆ្នាំ។ ប៉ុន្តែលោកថាក់ស៊ីនបានចូលក្នុងពន្ធនាគារតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយលោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលំដាប់ VIP មួយក្នុងទីក្រុងបាងកក ក្រោមហេតុផលមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ លោក ថាក់ស៊ីន បានដេកសម្រាកព្យាបាលដល់ទៅ៦ខែ មុននឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ៕











Post a Comment