ក្រោយកូនស្រីអស់អំណាច លោក Thaksin នឹងត្រូវប្រឈមសំណុំរឿងមួយករណីទៀត នៅឯតុលាការកំពូលថៃ នៅថ្ងៃទី៩ ខែកញ្ញាខាងមុខ



(បាងកក)៖ តើទីបញ្ចប់នៃឥទ្ធិពលនយោបាយរបស់ត្រកូល Shinawatra នៅក្នុងប្រទេសថៃ បានដល់ទីបញ្ចប់ហើយមែនឬ? នេះជាសំណួរដែលត្រូវគេបានចោទសួរ ឡើងបន្ទាប់លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក Thaksin កាលពីថ្ងៃសុក្រ ទី២៩ ខែសីហា ត្រូវបាន ដកហូតតំណែងនាយករដ្ឋមន្រ្តីជាផ្លូវការ ដោយតុលាការធម្មនុញ្ញនៃប្រទេសថៃ សម្រាប់ការរំលោភបំពានក្រមសីលធម៌នៃរដ្ឋធម្មនុញ្ញ បន្ទាប់ពីលោកស្រីឡើង កាន់អំណាចបានត្រឹម១ឆ្នាំ។

បន្ថែមពីលើនេះ ទោះជារួចខ្លួនពីបទចោទប្រកាន់លើការប្រមាថព្រះមហាក្សត្រក៏ពិតមែន តែលោក Thaksin នៅត្រូវប្រឈមមុខនឹងសំណុំរឿងមួយករណីទៀត។ តុលាការកំពូលថៃ គ្រោងនឹងចេញសាលក្រមនៅថ្ងៃទី៩ ខែកញ្ញា លើសំណុំរឿងរបស់លោក Thaksin ពាក់ព័ន្ធនឹងការស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យប៉ូលិស ជំនួសឱ្យការជាប់ពន្ធនាគារក្រោយរូបលោកធ្វើមាតុភូមិវត្តន៍កាលពីឆ្នាំ២០២៣ ក្រោមហេតុផលមានបញ្ហាសុខភាព។

តុលាការកំពូលថៃនឹងសម្រេចថាតើលោក Thaksin ត្រូវបានអនុញ្ញាតឱ្យដោយខុសច្បាប់ឱ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដើម្បីគេចផុតពីការជាប់ឃុំក្នុងពន្ធនាគារដែរ ឬក៏យ៉ាងណា? ប្រសិនបើតុលាការរកឃើញថារូបលោកបានប្រព្រឹត្តខុសច្បាប់ពិតមែន នោះលោកអាចនឹងត្រូវជាប់ពន្ធនាគារជាថ្មី។ កន្លងមកមានការចោទប្រកាន់ថាបញ្ហាសុខភាពរបស់លោក Thaksin មិនមានភាពធ្ងន់ធ្ងររហូតដល់ត្រូវជាប់ឃុំនៅមន្ទីរពេទ្យប៉ូលិសក្នុងទីក្រុងបាងកក អស់រយៈពេលជាង៦ខែនោះទេ ហើយការសង្ស័យហាក់មានសន្ទុះកាន់តែខ្លាំងក្រោយគេឃើញថាលោក Thaksin មានស្ថានភាពសុខភាពល្អប្រសើរភ្លាមៗ ក្រោយត្រូវបានដោះលែងឱ្យនៅក្រៅឃុំ៕

ប្រភព÷Fresh News

Powered by Blogger.