ឯកឧត្ដម ឃួង ស្រេង អញ្ជើញចូលរួមពិធីបើកវិញ្ញាសាប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលបានធ្វើឡើងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ

 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលបានធ្វើឡើងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ។

ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និង របៀបរៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង ៣៥មណ្ឌល ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចឱ្យ ផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អិនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សា គ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ ផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ជុំវិញបរិវេណមណ្ឌលប្រឡង និងមិនតម្រូវឱ្យបង់ប្រាក់សម្រាប់ការផ្ញើកង់-ម៉ូតូនៅតាមមណ្ឌលប្រឡងឡើយ៕ ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ












Powered by Blogger.