សម្តេចតេជោអរគុណឯកឧត្តមដូណាល់ ត្រាំ បានផ្តួចផ្តើមឲ្យមានការបទឈប់បាញ់រវាងកម្ពុជា និងថៃខណៈការផ្តួចផ្តើមនេះបានជួយសង្រ្គោះជីវិតមនុស្សរាប់ម៉ឺននាក់

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានប្រកាសថ្លែងអំណរគុណចំពោះប្រធានាធិបតីអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមគំនិតដ៏ប្រពៃបង្កើតឲ្យមានបទឈប់បាញ់ និងសន្តិភាពរវាង កម្ពុជា និងថៃ ខណៈគំនិតផ្តួចផ្តើមដ៏ប្រពៃ នេះបានជួយសង្រ្គោះជីវិតមនុស្ស ជាពិសេសពលរដ្ឋខ្មែរ និងថៃរាប់ពាន់រាប់ម៉ឺននាក់។

 តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាយប់ថ្ងៃរំលងអាទ្រាធថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «សមិទ្ធផលនៃគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ ឯកឧត្តម ដូណាល់ ត្រាំ បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ពីសង្រ្គាមកម្ពុជានិងថៃ»។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា« ជាដំបូងខ្ញុំសូមអរគុណចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមគំនិតដ៏ប្រពៃបង្កើតឲ្យមានបទឈប់បាញ់ និងសន្តិភាពរវាងកម្ពុជា និងថៃ ដែលគំនិតនេះគឺជាសមិទ្ធផលដ៏អស្ចារ្យបានជួយសង្រ្គោះជីវិតមនុស្សយ៉ាងច្រើនទាំងនៅកម្ពុជានិងថៃ»។

តាមរយៈសំណេរនេះ សម្តេចតេជោ ហ៊ុន សែន ក៏សូមអរគុណដល់ ឯកឧត្តមនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានជួយរៀបចំទីកន្លែងកិច្ចប្រជុំ និងបង្កើតឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ដែលកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពនេះ កំពុងទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាពនោះ។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានប្រកាសថ្លែងអំណរ គុណចំពោះមិត្តចិនដែលបានចូលរួមជួយ និងសូមអរគុណបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានគាំទ្រនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងសូមអរគុណប្រជាជនកម្ពុជា និងប្រជាជនថៃ សូមអរគុណចំពោះកងទ័ពកម្ពុជា ព្រមទាំងកងទ័ពថៃ ដែលបានគាំទ្រដល់ដំណើរការសន្តិភាពមួយនេះផងដែរ៕





Powered by Blogger.