ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត»

កំពង់ធំ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» និងសម្ពោធអគារសិក្សា ដែលមានទីតាំងនៅក្រុមហ៊ុនចម្ការកៅស៊ូ ទេពី អាក្រូ ស្ថិតនៅភូមិអូរត្នោត ឃុំងន ស្រុកសណ្តាន់ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៥។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ាលោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណ ៥០០ជាងនាក់។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្ដល់ឈាម ផ្ដល់ជីវិត» ក្រោមការសហការរៀបចំដោយក្រុមហ៊ុនចម្ការកៅស៊ូ ទេពី អាក្រូ វិនិយោគ និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នាឱកាសនេះ។ 



ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ផ្ដើមចេញពីការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំបានចូលរួមសកម្មភាពមនុស្សធម៌លើកដំបូងដោយការស្ម័គ្រចិត្តផ្ដល់ឈាម ដែលធ្វើឡើងស្របពេលដែលមានការថយចុះនៃចំនួនការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមានការធ្លាក់ចុះនូវស្ដុកឈាមរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ហើយមកទល់ពេលនេះ ខ្ញុំបានសម្រេចការបរិច្ចាគឈាមរបស់ខ្ញុំចំនួន ១៤លើកហើយ។ តាមរយៈការអំពាវនាវ របស់សម្ដេចតេជោ និងការស្វែងយល់ពីតម្រូវការជាក់ស្ដែង ហើយជាពិសេសការយល់ពីអត្ថន័យនៃការផ្ដល់ឈាមមួយប្លោកនឹងអាចចូលរួមជួយទៅដល់នរណាម្នាក់ បានក្លាយជាចំនុចចាប់ផ្ដើមនៃការមើលលើអត្ថប្រយោជន៍រួមនៃការលះបង់របស់យើងម្នាក់ៗ ដែលការលះបង់នេះ គឺជាការលះបង់ដ៏ធំធេងលើសពីការលះបង់ថវិកា ក៏ប៉ុន្តែជាការបរិច្ចាគឈាមខ្លួនឯងប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។  

ឯកឧត្តម សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ ដែលបានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំយុទ្ធនាការស្ម័គ្រចិត្ត បរិច្ចាគឈាមនេះឡើង ហើយខ្ញុំជឿជាក់ថា តាមរយៈយុទ្ធនាការនេះនឹងក្លាយជាចលនាជំរុញការបរិច្ចាគឈាមជូនប្រជាជនកម្ពុជា។ 

ក្នុងនាមឯកឧត្តម ផ្ទាល់ ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនឱ្យបន្តចូលរួមក្នុងយុទ្ធនាការនេះឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីចូលរួមចំណែកជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា។








Powered by Blogger.