សមត្ថកិច្ចកំពុងស៊ើបបន្ថែមពាក់ព័ន្ធនឹងបុរសម្នាក់រងការពិន័យ២លានរៀលហើយសុំសម្រួលព្រោះបើកបរដោយស្រវឹង

 

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់តាមរយៈទំព័រហ្វេស ប៊ុកផ្លូវការនាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥ថា ចំពោះករណីការចុះផ្សាយតាមបណ្តាញសង្គមពាក់ព័ន្ធនឹងការពិន័យបុរសម្នាក់ចំនួន២លានរៀល គ្រាន់តែហូបគ្រឿងស្រវឹងនោះ ក្រុមការងារបាននិងកំពុងមានចំណាត់ការស៊ើបបញ្ជាក់បន្ថែមដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការបំភ្លឺជូនសាធារណជនជ្រាបអំពីការអនុវត្តនិតិវិធីផាកពិន័យនេះ។ 

គួរជម្រាបថា កាលពីពេលថ្មីៗនេះ មានការបង្ហោះតាមបណ្តាញសង្គម ដោយបុរសម្នាក់បានបញ្ជាក់ថា រូបគេបានហូបស្រាហើយបើកបរ ដោយសមត្ថកិច្ចខណ្ឌដង្កោបានរកឃើញមានជាតិអាល់កុលលើសពី០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ និងទទួលពិន័យ ២លានរៀល។ បុរសខាងលើបញ្ជាក់ថា បន្ទាប់ពីលឺតម្លៃនេះ រូបគេបានសុំសម្រួលព្រោះខ្លួនមិនមានលុយបង់នោះទេ ហើយក៏បានសម្រេចចិត្តសម្រាកនៅកន្លែងនោះតែម្តង៕





Powered by Blogger.