លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខ ពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក និងផ្តល់ថ្នាំព្យាបាលជូនដល់ក្មួយៗកុមារកំព្រា ជនចាស់ជរា និងបុគ្គលិកក្នុងសមាគមជនឥតទីពឹង
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានអញ្ជើញចុះសួរសុខទុក្ខ ពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក និងផ្តល់ថ្នាំព្យាបាលជូនដល់ក្មួយៗកុមារកំព្រា ជនចាស់ជរា និងបុគ្គលិកក្នុងសមាគមជនឥតទីពឹង (មណ្ឌលមែកឈើ) និងអង្គការសង្រ្គោះជនអស់សង្ឃឹមប្រមាណជិត៤០០នាក់ ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងឱកាសចុះពិនិត្យ និងព្យាបាលជំងឺជូនដល់ក្មួយៗ កុមារកំព្រា និងបុគ្គលិកនៅមណ្ឌលទាំងពីរខាងលើប្រកបដោយ ក្តីអាណិតស្រឡាញ់ជាមួយនិងស្នាមញញឹមដែលពោពេញទៅដោយភាពកក់ក្តៅនេះលោកជំទាវបណ្ឌិត និងក្រុមការការងារ ក៏បានរៀបចំនូវអាហារមួយពេលជូនដល់ក្មួយៗកុមារកំព្រា និងបុគ្គលិកទាំងអស់ផងដែរ រួមមាន ភីហ្សា ភ្លៅមាន់បំពង និងភេសជ្ជៈ។ ឆ្លៀតក្នុងឱកាសផ្តល់អាហារដល់កុមារតូចៗទាំងនោះ លោកជំទាវបណ្ឌិត បានសួរសុខទុក្ខអំពីស្ថានភាពរស់នៅ និងការសិក្សារៀនសូត្ររបស់ក្មួយៗ និងក្រើនរំឮកដល់ក្មួយៗត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ត្រងត្រាប់ស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ និងម៉ែដោះដើម្បីក្លាយជាសិស្សល្អ កូនល្អ នៅក្នុងសង្គម។
ក្រៅពីការពិនិត្យព្យាបាល និងផ្តល់អាហារលោកជំទាវបានឧបត្ថមជាគ្រឿងឧបភោគបរិភោគ និងថវិកាដល់មណ្ឌលទាំពីរផងដែរ។ ក្នុងនោះប្រគល់ជូនមណ្ឌលមែកឈើ រួមមាន៖ ថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ១០លានរៀល, អង្ករ ៤តោន របស់សាលារាជធានីភ្នំពេញ, ទឹកបរិសុទ្ធ ១០០កេស និងមីជាតិ ២០០កេស ជាអំណោយរបស់ឯកឧត្តម ឡាវ វ៉ាន់ និងលោកជំទាវ។
សម្រាប់អង្គការសង្គ្រោះជនអស់សង្ឃឹម រួមមានថវិកា ១០លានរៀល ជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត, អង្ករ ៦តោន របស់សាលារាជធានីភ្នំពេញ, ទឹកបរិសុទ្ធ ១០០កេស និងមីជាតិ ២០០កេស របស់ឯកឧត្តម ឡាវ វ៉ាន់ និងលោកជំទាវ។ លើសពីនោះទៀតលោកជំទាវបណ្ឌិត និងក្រុមការងារបានផ្តល់អំណោយ សម្រាប់កុមារតូចៗរួមមាន៖ ម្នាក់ៗទទទួលបាន កាតាបស្ពាយ១ សៀវភៅ៣ក្បាល ប៉ិច៣ដើម ច្រាស់ដុសធ្មេញ១ ម៉ាស់២០ និងចាហួយស្វិតដល់ពួកគេផងដែរ។
លោកប្រធានមណ្ឌលទាំងពីរខាង បានសម្តែងនូវក្តីសប្បាយរីករាយ និងគោរពថ្លែងអំណគុណដល់ សម្តេចធិបតី និងលោកជំទាវ ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្មចិត្តយុវជនសម្តេចតេជោ មកព្យាបាលកូនៗដល់មណ្ឌលផ្ទាល់ ព្រមទាំងបានឧបត្ថមជាគ្រឿងឧបភោគបរិភោគ និងថវិកា ជួយទ្រទ្រង់ ដល់មណ្ឌលកុមារកំព្រាទាំងនេះ ដែលកំពុងមានការខ្វះខាត់ខ្លាំង។
សូមជម្រាបថា កុមារកំព្រាទាំងនេះមកពីគ្រួសារក្រីក្រ គ្រួសារដែល ឱពុកម្តាយស្លាប់ចោលដោយសារគ្រោះថ្នាក់ចរាចរណ៍ គ្រួសារស្លាប់ដោយសារមេរោគអេដស៏ជាដើម។
Post a Comment