ប្រឡងចូលសាលាពេទ្យ : អង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួនមេក្លោង ២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួស ២នាក់ និងកំពុងតាមចាប់អ្នកពាក់ព័ន្ធមួយចំនួនទៀត

 ប្រឡងចូលសាលាពេទ្យ : អង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួនមេក្លោង ២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួស ២នាក់ និងកំពុងតាមចាប់អ្នកពាក់ព័ន្ធមួយចំនួនទៀត

អង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញនៅថ្ងៃប្រឡងទី១ (ថ្ងៃសៅរ៍ ទី៣១ ខែមករា) ចូលសាលាពេទ្យ នូវមេក្លោងចំនួន ២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចំនួន ២នាក់ យកមកអង្គភាពប្រឆាំងអំពើពុករលួយ និងកំពុងបន្ត តាមរកអ្នកស៊ីឈ្នួលប្រឡងជំនួស និងមេក្លោង នៅថ្ងៃប្រឡងទី២នេះទៀត គឺថ្ងៃអាទិត្យទី០១ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អ.ប.ព. បញ្ជាក់ថា ការប្រឡង០២ថ្ងៃនេះ អ.ប.ព ចាត់បញ្ជូនមន្ត្រីរបស់ខ្លួនចំនួន ២៦២ នាក់ ជាកម្លាំងចំហរ សម្រាប់ការសង្កេតកាណ៍ដំណើរការប្រឡង ដឹកនាំដោយ ឧបការី កែវ ធីវុធ។ អ.ប.ព.បានរៀបចំកម្លាំងសំងាត់មួយចំនួនទៀតដឹកនាំដោយ ឧបការី យិនទៀង ពុទ្ធិរ៉ា ដោយមាន ឯកឧត្តម ហ៊ូ រាបនា អគ្គនាយកប្រតិបត្តិការ អ.ប.ព. និងនាយកដ្ឋានចំនួន០៣ ទៀត (នាយកដ្ឋានគតិយុត្ត, នាយកដ្ឋានចារកម្ម, នាយកដ្ឋានសន្តិសុខ) ហើយរកឃើញនៅថ្ងៃប្រឡងទី១ នូវមេក្លោង២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួស ២នាក់ យកមកអ.ប.ព.។ 

លោក អ៊ុំ សំរាំង ប្រធាននាយកដ្ឋានចារកម្មឱ្យដឹងថា មេក្លោងទទួលប្រាក់ ៨ពាន់ដុល្លារ ពីបេក្ខជនម្នាក់ ហើយប្រគល់ឱ្យអ្នកស៊ីឈ្នួលប្រឡងជំនួសចំនួន ២ទៅ៣ពាន់ដុល្លារ ក្នុងបេក្ខជនម្នាក់ដែលខ្លួនបន្លំខ្លួនចូលប្រឡងជំនួស។

បច្ចុប្បន្ននេះ ឧបការី យិនទៀង ពុទ្ធិរ៉ា និង អគ្គនាយក ហ៊ូ ស្ថាបនា ព្រមទាំងក្រុមការងារអង្គភាព កំពុងបន្តតាមរកអ្នកស៊ីឈ្នួលប្រឡងជំនួស និងមេក្លោង នៅថ្ងៃប្រឡងទី២នេះទៀត គឺថ្ងៃអាទិត្យទី០១ ខែកុម្ភៈ ឆ្នាំ២០២៦។

ការប្រឡងចូលសាលាពេទ្យក្នុងដំណើរការ២ថ្ងៃនេះ (ថ្ងៃសៅរ៍ ទី៣១ ខែមករា និងថ្ងៃអាទិត្យទី០១ ខែកុម្ភៈ ឆ្នាំ ២០២៦) រៀបចំដោយគណកម្មការប្រឡងថ្នាក់ជាតិ ក្នុងវិស័យសុខាភិបាល ដើម្បីជ្រើសរើសនិស្សិតចូលរៀនរៀនថ្នាក់ ឆ្នាំទី១ កំរិតបរិញ្ញាបត្ររង ចំនួន ៧ ១១០នាក់ (សម្រាប់ចូលរៀនមហាវិទ្យាល័យសុខាភិបាលចំនួន ៣០០នាក់, វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលយោធាចំនួន ៣០០នាក់, សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង ចំនួន ១៦០នាក់, សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមចំនួន ២៥០នាក់, សាលាមធ្យមសិក្សាសុខា ភិបាលកំពតចំនួន ២៥០នាក់, សាលាមធ្យមសិក្សាសុខាភិបាលស្ទឹងត្រែងចំនួន ២៥០នាក់, សាកលវិទ្យាល័យ អន្តរជាតិ(ភ្នំពេញ) ចំនួន ២៥០នាក់, សាកលវិទ្យាល័យពុទ្ធិសាស្ត្រចំនួន ២០០នាក់, សាកលវិទ្យាល័យន័រតុន ចំនួន ១០០នាក់, សាកលវិទ្យាល័យចេនឡាភ្នំពេញចំនួន ២៥០នាក់, សាកលវិទ្យាល័យឡាយហ្វចំនួន ១០០នាក់, សាកលវិទ្យាល័យកំពង់ចាមចំនួន ១៥០នាក់, សាកលវិទ្យាល័យបូលីណូកំពង់ឆ្នាំងចំនួន ១៥០នាក់, វិទ្យាស្ថានវិទ្យា សាស្ត្រអាស៊ីចំនួន ២៥០នាក់, សាកលវិទ្យាល័យអង្គរចំនួន ២៥០នាក់, វិទ្យាស្ថានវិទ្យាសាស្ត្រថែទាំបាត់ដំបង ចំនួន ១០០នាក់, និងសាកលវិទ្យាល័យអន្តរជាតិសាខាបាត់ដំបងចំនួន ១០០នាក់)។

Powered by Blogger.